រឿង៩យ៉ាង អ្នកវ័យ២០ឆ្នាំគួរធ្វើ បើចង់ក្លាយជាអ្នកមាន នៅវ័យ៣០ឆ្នាំ
- news.sabay.com.kh
- Jan 12, 2018
- 1 min read
"នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី នរណាម្នាក់ក៏អាចរកចំណូលច្រើនបំផុតតាមដែលខ្លួនចង់បានដែរ។" នេះជាសម្តីរបស់លោក Steve Seibold ដែលជាមហាសេដ្ឋីមួយរូប និងបានសិក្សាពីអ្នកមានក្នុងពិភពលោកជាង ១ ២០០នាក់។
ខាងក្រោមនេះគឺជា រឿង ៩ យ៉ាង អ្នកវ័យ ២០ ឆ្នាំ គួរធ្វើ បើចង់ក្លាយជាអ្នកមាននៅវ័យ ៣០ ឆ្នាំ ៖
១. ផ្ដោតទៅលើការរកលុយ
លោក Grant Cardone ជាមហាសេដ្ឋីមួយរូបដែលធ្លាប់ជំពាក់បំណុលគេកាលពីអាយុ ២១ ឆ្នាំ បាននិយាយថា "នៅក្នុងសេដ្ឋកិច្ចបច្ចុប្បន្ន អ្នកមិនអាចសន្សំប្រាក់ដើម្បីក្លាយជាអ្នកមានបាននោះទេ។ ជំហានទី១ គឺត្រូវផ្ដោតទៅលើការបង្កើនប្រាក់ចំណូលរបស់អ្នក។"

២. បង្កើនប្រភពចំណូលឲ្យបានច្រើន
យោងតាមការសិក្សារយៈពេល ៥ឆ្នាំរបស់លោក Thomas C. Corley បានរកឃើញថា អ្នកមានភាគច្រើនបានបង្កើនប្រភពចំណូលរបស់ពួកគេ។ ឧទាហរណ៍ដូចជា៖ ចំណូល ៦៥% មាន ៣ប្រភព, ចំណូល ៤៥% មាន ៤ប្រភព និងចំណូល ២៩% មាន ៥ប្រភព ឬច្រើនជាងនេះ។
៣. សន្សំដើម្បីវិនិយោគ កុំសន្សំដើម្បីតែសន្សំ
មូលហេតុតែមួយគត់ក្នុងការសន្សំលុយគឺ ដើម្បីវិនិយោគវា។ អ្នកត្រូវដាក់ប្រាក់សន្សំរបស់អ្នកចូលទៅក្នុងគណនីសុវត្ថិភាព (មិនអាចប៉ះពាល់បាន) ហើយមិនត្រូវប្រើគណនីទាំងនេះ សម្រាប់អ្វីមួយនោះទេសូម្បីតែពេលត្រូវការបន្ទាន់ក៏ដោយ។ ការធ្វើដូចនេះ នឹងបង្ខំអ្នកឱ្យបន្តការបង្កើនប្រាក់របស់អ្នក។

៤. កុំសម្ញែងរបស់
លោក Grant Cardone បានសរសេរថា "ខ្ញុំមិនបានទិញនាឡិកាប្រណិត ឬឡានទំនើបដំបូងរបស់ខ្ញុំទេ រហូតដល់អាជីវកម្ម និងការវិនិយោគរបស់ខ្ញុំមានចំណូលស្ថិរភាព។ ខ្ញុំនៅតែបើកបររថយន្ត Toyota Camry នៅពេលខ្ញុំក្លាយជាមហាសេដ្ឋី។ អ្នកត្រូវចាំថា គេអាចស្គាល់អ្នកបានដោយសារក្រមសីលធម៌ការងាររបស់អ្នក មិនមែនរបស់របរដែលអ្នកទិញនោះទេ។"
៥. ផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកអំពីលុយ
លោក Steve Siebold បានពន្យល់ថា "ការក្លាយខ្លួនទៅជាអ្នកមាន ចាប់ផ្ដើមពីរបៀបដែលអ្នកគិត និងអ្វីដែលអ្នកជឿអំពីការបង្កើតលុយ។ អាថ៌កំបាំងនេះគឺ ស្ថិតនៅលើការគិត។"

៦. វិនិយោគទៅលើខ្លួនឯង
ចូរអានយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។ មនុស្សជាច្រើនដែលទទួលបានជោគជ័យ និងមានទ្រព្យសម្បត្ដិសម័យនេះ គឺជាអ្នកពូកែអាន។ ជាឧទាហរណ៍សូមគិតពី លោក Warren Buffeet ដែលត្រូវបានប៉ាន់ប្រមាណថា ៨០% ក្នុងមួយថ្ងៃ លោកបានចំណាយពេលទៅលើការអាន។

៧. កំណត់គោលដៅ និងមើលឃើញការសម្រេចបាននូវគោលដៅទាំងនោះ
ប្រសិនបើអ្នកចង់រកលុយបានច្រើន អ្នកត្រូវតែមានគោលដៅច្បាស់លាស់ ហើយបន្ទាប់មកត្រូវមានផែនការច្បាស់លាស់ដើម្បីសម្រេចគោលដៅនោះ។ លុយមិនមែនចេះតែកើតឡើងនោះទេ អ្នកត្រូវតែធ្វើការដើម្បីបានវា។ អ្នកមានទ្រព្យសម្បិត្តប្តេជ្ញាក្នុងការទទួលបានវាដោយការយកចិត្តទុកដាក់, ភាពក្លាហាន, ចំណេះដឹង និងកិច្ចខិតខំប្រឹងប្រែងជាច្រើនទៀត។
៨. ចាប់ផ្តើមទាក់ទងជាមួយមនុស្សដែលអ្នកកោតសរសើរ
គំនិតនេះគឺដើម្បី ធ្វើឲ្យអ្នកមានទំនាក់ទំនងជាមួយមនុស្សដែលមានទេពកោសល្យ និងចែករំលែកចក្ខុវិស័យរបស់អ្នក ព្រោះការមានគំនិតឆ្លាតវៃ និងការច្នៃប្រឌិតច្រើន ប្រសើរជាងមានគំនិតតែមួយ។
៩. កំណត់រកឲ្យបាន ១០ លានដុល្លារ មិនមែន ១ លានដុល្លារនោះទេ
លោក Cardone បានសរសេរថា "ខ្ញុំលើកទឹកចិត្តឱ្យអ្នកទៅរកច្រើនជាង ១ លានដុល្លារ។ នៅលើភពផែនដីនេះ មិនចេះខ្វះលុយនោះទេ មានតែខ្វះមនុស្សគិតធំប៉ុណ្ណោះ។"

ប្រភព៖ Independent ប្រែសម្រួល៖ សុភារ័ត្ន
Keywords: Life, idea, thinking
Comments