មូលហេតុ៦យ៉ាងដែលអ្នកគួរគេងផ្អៀងទៅខាងឆ្វេង
- news.sabay.com.kh / healthytipsworld
- Aug 22, 2016
- 1 min read
ការគេង ពិតជាចាំបាច់ខ្លាំងណាស់សម្រាប់សុខភាព និងសុខុមាលភាពរបស់យើង។ បើការគេងនៅពេលយប់មិនគ្រប់គ្រាន់ទេ រាងកាយរបស់អ្នកនឹងមិនអាចដំណើរការបានធម្មតានៅពេលថ្ងៃឡើយ ហើយប្រសិនបើអ្នកមិនបានគេងពេលយប់ទេ អ្នកនឹងមានសភាពវង្វេងវង្វាន់ស្មារតី ហើយគ្មានថាមពលគ្រប់គ្រាន់នៅពេលថ្ងៃ។ ជាមួយគ្នានេះដែរ ការគេងផ្អៀងទៅខាងឆ្វេង គឺមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក។

១) ជួយឲ្យការរំលាយអាហារកាន់តែប្រសើរ
អង់ស៊ីមរំលាយអាហារ ត្រូវបានធ្វើឡើងដោយក្រពះ និងលំពែង។ នៅពេលដែលអ្នកគេងផ្អៀងទៅខាងឆ្វេង ក្រពះ និងលំពែង ផ្អៀងទៅទីតាំងល្អ និងមានកន្លែងគ្រប់គ្រាន់ដើម្បីអនុវត្តការរំលាយអាហារ។
២) ជំរុញការកម្ចាត់កាកសំណល់ឲ្យកាន់តែប្រសើរ
រាងកាយ ធ្វើការកម្ចាត់កាកសំណល់តាមរយៈពោះវៀន។ ការគេងផ្អៀងទៅខាងឆ្វេង ធ្វើឲ្យមានកម្លាំងទំនាញ ផ្តល់ភាពងាយស្រួលដល់អាហារ ក្នុងការផ្លាស់ទីតាំងពីពោះវៀនតូច ទៅពោះវៀនធំ។
៣) កាត់បន្ថយអាការក្តៅទ្រូង
ការគេងផ្អៀងទៅខាងឆ្វេង អាចធ្វើឲ្យចាល់ជាតិអាស៊ីតនៅក្នុងរាងកាយ និងអាចជួយកម្ចាត់អាស៊ីតដែលមានស្រាប់យ៉ាងឆាប់រហ័ស។ ការគេងខុសទីតាំង អាចបណ្តាលឲ្យកើតមានការក្រហាយ ឬក្តៅទ្រូង និងភាពមិនស្រណុកផ្សេងទៀត ដោយសារតែវាអនុញ្ញាតឲ្យអាស៊ីតក្រពះ ចូលទៅក្នុងបំពង់អាហារ។
៤) បំបាត់អាការឈឺខ្នង
ប្រសិនបើអ្នកឈឺខ្នង សូមកុំគេងផ្ងារ ព្រោះវាមិនមែនជាទីតាំងល្អសម្រាប់អ្នកឡើយ។ ការគេងផ្អៀងទៅខាងឆ្វេង ឬស្តាំ នឹងបញ្ចេញសម្ពាធពីឆ្អឹងខ្នង ហើយកាត់បន្ថយអាការឈឺខ្នង ប៉ុន្តែការជ្រើសរើសគេងផ្អៀងទៅខាងឆ្វេង គឺជាជម្រើសដ៏ល្អបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
៥) បំបាត់អាការប៉ោង ឬហើមសរសៃ
ការគេងផ្អៀងទៅខាងឆ្វេង ក៏ទទួលបានអត្ថប្រយោជន៍ផងដែរ សម្រាប់អ្នកដែលមានអាការប៉ោង ឬហើមសរសៃ ជាពិសេសអវយវៈផ្នែកខាងក្រោម។ វាអាចជួយបណ្តេញសម្ពាធចេញពីសរសៃធំ Vena Cava ដែលមានទីតាំងនៅផ្នែកខាងស្តាំនៃរាងកាយ។ សរសៃមួយនេះដឹកនាំឈាមពីផ្នែកខាងក្រោមនៃពាក់កណ្តាលរាងកាយ ទៅកាន់បេះដូង។
៦) ជួយឲ្យគេងលក់ស្កប់ស្កល់ក្នុងអំឡុងពេលមានផ្ទៃពោះ
ចំពោះស្រ្តីមានផ្ទៃពោះ ការគេងផ្អៀងទៅខាងឆ្វេង អាចទប់ស្កាត់ថ្លើមពីការដាក់សម្ពាធទៅលើស្បូន និងជំរុញចរាចរឈាមដែលរត់ទៅរកវាឲ្យកាន់តែប្រសើរ។ វាក៏ជួយឲ្យឈាម ហូរបានយ៉ាងល្អទៅកាន់ទារក ហើយជួយបំបាត់អាការឈឺខ្នង និងជួយឲ្យគេងលក់ស្រួលទៀតផង។
អត្ថប្រយោជន៍ពីការគេងផ្អៀងទៅខាងឆ្វេងពិតជាមានច្រើន ប៉ុន្តែគ្មាននរណាម្នាក់អាចគេងទីតាំងដដែលបានពេញមួយយប់នោះទេ។ ប្រសិនបើអ្នកមិនមានការឈឺចាប់ពេលគេងផ្ងារ អ្នកអាចគេងផ្ងារ ២ ទៅ ៣ម៉ោងបាន។ មនុស្សដែលមិនភ្ញាក់ក្នុងអំឡុងពេលយប់ គឺពិបាកគ្រប់គ្រងទីតាំងខ្លាំងណាស់ ដូច្នេះមុនពេលអ្នកគេងលក់ សូមគេងផ្អៀងទៅខាងឆ្វេងឲ្យហើយ៕
Comments