សញ្ញា៨យ៉ាង បញ្ជាក់ថារាងកាយអ្នកត្រូវការគេងបន្ថែមទៀត
- news.sabay.com.kh
- Jul 22, 2016
- 1 min read
ការគេង គឺជារឿងសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ បន្ទាប់ពីគ្រប់គ្នាបញ្ចេញកម្លាំងធ្វើការយ៉ាងហត់នឿយរយៈពេលជាច្រើនម៉ោង។ មនុស្សមួយចំនួនមានពេលគេងច្រើនម៉ោងក្នុងមួយយប់ៗ ប៉ុន្តែមិនបានគ្រប់គ្រាន់ទេ ដោយអារម្មណ៍មិនស្ងប់ រវើរវាយច្រើន ឬយល់សប្ដិច្រើន ធ្វើឲ្យខួរក្បាលមិនបានសម្រាក។

ការគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យរាងកាយល្ហិតល្ហៃអស់កម្លាំង អារម្មណ៍មិនមូល និងឆាប់ភ្លេចភ្លាំងជាដើម។ សញ្ញាទាំង ៨ចំណុចខាងក្រោម ត្រូវ បានអ្នកជំនាញបង្ហាញថា កើតឡើងដោយសារការគេងរបស់លោកអ្នកមិនត្រឹមត្រូវ៖
១. ឡើងទម្ងន់
ការសិក្សាមួយបានរកឃើញថា ការគេងគ្រប់គ្រាន់បានជួយកាត់បន្ថយ ៣០០កាឡូរី នៃរាងកាយក្នុងមួយថ្ងៃ ឯអ្នកគេងមិនគ្រប់គ្រាន់បណ្ដាលឲ្យរាងកាយប្រែជាស្ត្រេសធុញថប់ បង្កើនកម្រិតអ័រម៉ូន Cortisol ដែលធ្វើរាងកាយសម្បូរជាតិខ្លាញ់។
២. ការគិតថយចុះ
មនុស្សជាច្រើនដឹងខ្លួនឯងថា ការចូលគេងយប់ជ្រៅ នឹងធ្វើឲ្យពួកគេមានអារម្មណ៍មិននឹងន ព្រោះវាបានកាត់បន្ថយដំណើរការខួរក្បាលដល់ទៅ ៣២% ដោយស្វ័យប្រវត្តិ។
៣. ជួបបញ្ហាផ្នែកអារម្មណ៍
ការសិក្សាជាច្រើនធ្លាប់បង្ហាញថា ពេលមនុស្សគេងមិនបានស្កប់ស្កល់នឹងធ្វើឲ្យការគ្រប់គ្រងអារម្មណ៍ថយចុះ រវើរវាយ មួម៉ៅ និងកើតមានភាពធុញថប់ថែមទៀត។
៤. ប្រព័ន្ធភាពស៊ាំចុះថមថយ
ពេលសម្រាកពុំគ្រប់គ្រាន់ រាងកាយរបស់យើងដំណើរការមិនត្រូវតាមមុខងារ ដែលរួមបញ្ចូលទាំងប្រព័ន្ធភាពស៊ាំរាងកាយផង។ បញ្ហានេះនឹងឆាប់ធ្វើឲ្យឆ្លងជំងឺដង្កាត់ផ្សេងៗពិសេសផ្ដាសាយតែម្ដង។
៥. ធ្លាក់ចុះចំណងផ្លូវភេទ
អ្នកជំនាញបង្ហើបថា គេងមិនគ្រប់គ្រាន់នឹងបង្កឲ្យអ័រម៉ូនភេទប្រែប្រួល ព្រោះខ្វះថាមពល ល្ហិតល្ហៃ ឆាប់អស់កម្លាំង។

៦. កាត់បន្ថយអាយុ
អាយុវែង ការរស់នៅប្រកបដោយសុខភាពល្អ គឺជាអ្វីដែលគ្រប់គ្នាចង់បានមុនគេបំផុត ប៉ុន្តែបញ្ហាដំណេក អាចរារាំងការចង់បាននេះមិនឲ្យកើតមានបាន។ ការស្រាវជ្រាវមួយ រកឃើញថាស្ត្រីដែលគេងតិចជាង ៥ម៉ោងក្នុងមួយយប់ពេញមួយជីវិត អាយុខ្លីជាងស្ត្រីគេងបានគ្រប់គ្រាន់។
៧. ជំងឺបេះដូង
ពេលលោកអ្នកជួបបញ្ហាបេះដូងញឹកញាប់ ក៏ជាសញ្ញាមួយបង្ហាញពីការគេងមិនបានគ្រប់គ្រាន់ដែរ ព្រោះវាបង្កើនកម្រិតសម្ពាធឈាម ដែលនាំឲ្យកើតជំងឺបេះដូង។ ជំងឺបេះដូងត្រូវគេចាត់ទុកជាឃាតកលេខមួយ សម្លាប់ទាំងបុរស និងស្ត្រី នៅសហរដ្ឋអាមេរិក ក៏ដូចជាបណ្ដាប្រទេសជុំវិញពិភពលោកដែរ។
៨. ឧស្សាហ៍រងរបួស និងជួបគ្រោះថ្នាក់
តាមស្ថិតិដកស្រង់ពីមូលនិធិ Sleep Foundation បានចាត់ទុកថា អ្នកជួបគ្រោះថ្នាក់ និងរងរបួស គឺដោយសារខ្វះការយកចិត្តទុកដាក់ ផ្ដោតអារម្មណ៍នូវអ្វីខ្លួនកំពុងធ្វើ ដែលបង្កឲ្យមានកំហុស ឬធ្វេសប្រហែស នាំឲ្យកើតជាគ្រោះថ្នាក់តែម្ដង៕
Comments