តើអ្នកទទួលទានសារជាតិបំប៉នទាំង៥យ៉ាងនេះបានគ្រប់គ្រាន់ដែរឬទេ?
- news.sabay.com.kh
- Mar 28, 2016
- 1 min read
ទទួលទានបន្លែ ផ្លែឈើ និងផលិតផលទឹកដោះគោមិនបានគ្រប់គ្រាន់មែនទេ? នេះប្រហែលមិនមែនមានតែអ្នកទេដែលទទួលទានសារជាតិបំប៉នសំខាន់ៗទាំងនេះមិនបានគ្រប់ចំនួននោះ។
ជារឿងគួរឱ្យសោកស្តាយដែលមនុស្សយើងភាគច្រើនទទួលទានអាហារច្រើន ប៉ុន្តែអាហារដែលពួកគេទទួលទានទាំងអស់នោះផ្តល់សារជាតិបំប៉នតិចតួចបំផុត។ ភាគច្រើនពួកយើងទទួលទានអាហារដែលមានជាតិខ្លាញ់ និងស្ករច្រើន ហើយដែលអាហារទាំងនេះផ្តល់វីតាមីន និងសារជាតិរ៉ែមិនបានគ្រប់គ្រាន់តាមដែលរាងកាយមនុស្សយើងត្រូវការនោះទេ។
ព្រមជាមួយនឹងយើងមិនបានទទួលទាន ផលិតផលទឹកដោះគោ បន្លែ ផ្លែឈើដែលសំបូរវីតាមីននិងសារជាតិរ៉ែឱ្យបានគ្រប់គ្រាន់ផងនោះ បញ្ហាកង្វះវីតាមីនD និងកាល់ស្យូមបានក្លាយជាបញ្ហាចោទមួយ។

ទទួលទានបន្លែបៃតងដើម្បីទទួលបានអាស៊ីតហ្លូលិក
អាស៊ីត Folic៖ តើអ្នកដឹងទេថា ហេតុអ្វីអ្នកត្រូវការអាស៊ីត Folic ? គឺជាសារជាតិមួយក្នុងចំណោមវីតាមីន B ទាំង៨ដែលរាងកាយមនុស្សយើងត្រូវការដើម្បីជំនួយក្នុងមុខងារផលិតនិងថែរក្សាកោសិកា ជាពិសេសក្នុងអំឡុងពេលដែលកោសិកាមានការលូតលាស់ឆាប់រហ័ស ហើយនេះគឺជាមូលហេតុសំខាន់ណាស់ដែលស្ត្រីមានផ្ទៃពោះត្រូវទទួលទានសារជាតិនេះឱ្យបានគ្រប់គ្រាន់។ អាស៊ីត Folic នេះក៏ជួយផលិតកោសិកាឈាមក្រហមដែលផ្គត់ផ្គង់អុកស៊ីសែនសម្រាប់រាងកាយ។ ប្រភព៖ វីតាមីននេះអាចរកបាននៅក្នុងប្រភេទបន្លែស្លឹកបៃតងដូចជា ផ្កាខាត់ណាខៀវ ផ្លែប៊័រ ពពួកផ្លែក្រូច និងគ្រាប់ធញ្ញជាតិ និងសណ្តែក។
វីតាមីន A៖ គឺជាវីតាមីនដែលជួយឱ្យការមើលឃើញមានភាពល្អប្រសើរ ហើយវាដើរតួនាទីសំខាន់ក្នុងការបញ្ជូនសញ្ញាពីភ្នែកទៅកាន់ខួរក្បាល ហើយវាក៏ជួយគាំទ្រដល់សុខភាពស្បែក ព្រមទាំងជួយឱ្យប្រព័ន្ធភាពស៊ាំមានភាពសកម្មផងដែរ។ ប្រភព៖ ថ្លើមសត្វ ស៊ុត និងប័រ។ ប៉ុន្តែមនុស្សភាគច្រើនទទួលបានវីតាមីន A ក្នុងទំរង់បេតាការ៉ូតែន ដែលមាននៅក្នុងបន្លែ-ផ្លែឈើពណ៌បៃតង លឿង និងទឹកក្រូចដែលរាងកាយយើងបំលែងទៅជាវីតាមីនA។ បេតាការ៉ូតែន មាននៅក្នុងការ៉ុត ផ្លែអាព្រីកូត ល្ហុង ដំឡូងឈ្វា និងផ្កាខាត់ណាខៀវ។
កាល់ស្យូម៖ ជាសារធាតុរ៉ែដែលមានច្រើនជាងគេបំផុតនៅក្នុងរាងកាយ ហើយភាគច្រើនមាននៅក្នុងធ្មេញ និងឆ្អឹង។ មនុស្សភាគច្រើនបានដឹងហើយថា កាល់ស្យូមជាសារធាតុសំខាន់ត្រូវការប្រើប្រាស់នៅក្នុងរាងកាយ ហើយមុខងារសំខាន់ក្រៅពីហ្នឹង គឺវាជួយដល់ការកន្រ្តាក់សាច់ដុំ រក្សាចង្វាក់បេះដូងឱ្យបានត្រឹមត្រូវ និងជួយដល់មុខងារប្រព័ន្ធប្រសាទ។ ប្រភព៖ ផលិតផលទឹកដោះគោ បន្លែស្លឹកបៃតង តៅហ៊ូ សណ្តែក និងគ្រាប់អាល់ម៉ុន។
វីតាមីន D៖ វីតាមីនDមានមុខងារជួយក្នុងដំណើរការបឺតស្រូបយកជាតិកាល់ស្យូម និងផូស្វាតពីក្នុងចំណីអាហារ ហើយវាមានតួនាទីសំខាន់ក្នុងការរក្សាសុខភាពឆ្អឹង និងធ្មេញ។ វីតាមីនDក៏មានភាពចាំបាច់ក្នុងមុខងារសាច់ដុំ និងជួយគាំទ្រចលនាប្រព័ន្ធភាពស៊ាំផងដែរ។ ប្រភព៖ វីតាមីនDដែលពេលខ្លះយើងស្គាល់ថាជាវីតាមីនពន្លឺព្រះអាទិត្យ ដោយសាររាងកាយរបស់យើងទទួលបាននូវវីតាមីននេះនៅពេលដែលយើងនៅក្រោមពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់។ ប៉ុន្តែយើងក៏អាចទទួលបានវីតាមីននេះនៅក្នុងប្រភេទសាច់ត្រី ស៊ុតក្រហម និងថ្លើមសត្វ និងទឹកដោះគោ។
ប៉ូតាស្យូម៖ ជួយរក្សាសំពាធឈាមឱ្យមានសុខភាពល្អ និងជួយក្នុងការចម្រាញ់ថាមពលចេញពីអាហារដែលយើងបានទទួលទាន ហើយមិនត្រឹមតែប៉ុណ្ណោះ រាល់សាច់ដុំទាំងអស់នៅក្នុងរាងកាយរួមបញ្ចូលទាំងបេះដូងផងនោះក៏ត្រូវការប៉ូតាស្យូមដើម្បីបំពេញមុខងារឱ្យបានត្រឹមត្រូវផងដែរ។ ប្រភព៖ បន្លែ-ផ្លែឈើសុទ្ធតែផ្ទុកដោយសារជាតិប៉ូតាស្យូម ហើយប្រភពដ៏សំបូរបែបនោះគឺផ្លែឪឡឹក (melon) ផ្លែចេក ប៊័រ អាព្រីកូត ប្រភេទក្រូច និងផ្លែស្ត្រប៊ែរី។ បន្លែដែលសំបូរទៅដោយប៉ូតាស្យូមនោះគឺ ប៉េងប៉ោះ ការ៉ុត ផ្ទីរ ផ្កាខាត់ណាខៀវ។ ជាមួយគ្នាផងដែរនោះ ទឹកដោះគោដែលមានសារជាតិកាល់ស្យូម និងវីតាមីន D ក៏ជាប្រភពល្អនៃសារជាតិប៉ូតាស្យូម។
អត្ថបទដោយ៖ លោកស្រី Susan Bowerman, MS, RD, CSSD ទីប្រឹក្សាផ្នែកបណ្តុះបណ្តាលអាហារបំប៉នរបស់ក្រុមហ៊ុន Herbalife
Comments