top of page

៩ ហេតុផល​ដែល​ឪពុក​ម្តាយ​ក្លាយ​ជា​ទី​ប្រឹក្សា​ដ៏​អាក្រក់​របស់​កូន​

  • Pop Magazine 694
  • Feb 5, 2016
  • 1 min read

តាំង​ពី​បុរាណកាល​មក​ឪពុក​ម្តាយ​គឺ​ជា​ទីប្រឹក្សា​ដ៏​ល្អ​របស់​កូន​ ប៉ុន្តែ​ឈាន​មក​ដល់​យុគ​សម័យ​នេះ​តួ​នាទី​របស់​ឪពុក​ម្តាយ​ជា​ទី​ប្រឹក្សា​ហាក់​ថយ​ឥទ្ធិពល​ជា​បន្ត​បន្ទាប់​ ។ ទោះ​បី​យ៉ាង​ណា​ឪពុក​ម្តាយ​នៅ​តែ​ជាទី​ប្រឹក្សា​ និង​ជា​អ្នក​តម្រង់​ទិសដៅ​កូន​យ៉ាង​សំខាន់​ក្នុង​បឋមវ័យ​មិន​អាច​ខ្វះ​បាន​ ។ តើ​អ្នក​ជា​ឪពុក​ម្តាយ​ដែល​ប្រៀន​ប្រដៅ​ល្អ​ ឬ​ក៏​ប្រៀន​ប្រដៅអាក្រក់​ដល់​កូន​ ?

១. ធ្វើ​ឱ្យ​កូន​ខ្លាច​ដោយ​សារ​ការងារ​

សម្រាប់​គ្រួសារ​ដែល​ឪពុក​ម្តាយ​ត្រូវ​ចេញ​ទៅ​បំពេញ​ការងារ​ទាំង​ពី​រ​នាក់​អាច​ធ្វើ​ឱ្យ​កូន​ក្រែង​ចិត្ត​ក្នុង​ការ​សាក​សួរ​ ឬ ប្រឹក្សា​អ្វី​មួយ ។ គេ​អាច​នឹង​ខ្លាច​ឪពុក​ម្តាយ​ស្តី​បន្ទោស ឬ​ខ្លាច​ឪពុក​ម្តាយ​កំពុង​ជាប់​ការងារ​ ហេតុ​នេះ​ទើប​កូនៗ​មិន​ហ៊ាន​ចូល​ក្បែរ​ ។

២. ចូល​ចិត្ត​ធ្វើ​ការ​ប្រៀប​ធៀប​

នៅ​ពេល​កូន​មាន​អារម្មណ៍​រួញរា សម្លឹង​រក​ផ្លូវ​ដើរ​ទៅ​មុន​មិន​ឃើញ​ទេ ហេតុ​នេះ​កូនៗ​ចាំ​បាច់​ត្រូវ​ការ​ទី​ប្រឹក្សា​ជា​កម្លាំង​ចិត្ត​ពី​ឪពុក​ម្តាយ​ ។ ពេល​នេះ​បើ​ឪពុក​ម្តាយ​ស្តី​បន្ទោស​បន្ថែម​ ហើយ​ធ្វើ​ការ​ប្រៀប​ធៀប​ជាមួយ​អ្នក​នេះ​អ្នក​នោះ​ឆ្លាត​វៃ​ជាង​ មិនត្រឹម​តែ​ធ្វើ​ឱ្យ​កូន​អស់​កម្លាំង​ទឹក​ចិត្ត​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​គេ​កាន់​តែ​ធុញ​ទ្រាន់​ជាង​មុន​ថែម​ទៀត​ ។

៣.​ ម៉ឺង​ម៉ាត់​ដាច់​អហង្ការ​

បញ្ហា​ម៉ឺង​ម៉ាត់​ជ្រុល​របស់​ឪពុក​ម្តាយ​វា​មិន​ផ្តល់​ផលល្អ​ទេ​ ផ្ទុយ​មក​វិញ​វា​បាន​ក្លាយ​ជា​ចំណុច​ខ្សោយ​សម្រាប់​កូន​ទៅ​វិញ ។ គេ​ថា​ឪពុក​ម្តាយ​ដែល​កាច​ ធ្វើ​ឱ្យ​កូន​ខ្លាច​រអា និង ធុញ​ទ្រាន់​ ហេតុ​នេះ​មិន​ត្រឹម​តែ​មិន​ទៅ​ក្បែរ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​កូន​មាន​បញ្ហា​ហើយ​ចង់​ពិភាក្សា​ជាមួយ​ក៏​គេ​មេន​ហ៊ាន​ហា​មាត់​ដែរ​ ។

៤. ចាំ​តែ​ចាប់​កំហុស

ការ​ចាំ​តែ​ចាប់​កំហុស​ដោយ​ខ្លាច​កូន​ដើរ​ផ្លូវ​ខុស​នោះ​នាំ​ឱ្យ​កូន​លែង​សូវ​ទុក​ចិត្ត​ខ្លួន​ឯង កើត​អាការ​ធុញ​ទ្រាន់​ទាំង​ឪពុក​ម្តាយ​ និង​ខ្លួន​ឯង​ ។ បើ​បែប​នេះ​ទោះ​បី​ចង់​សួរ​ ឬ ពិភាក្សា​អ្វី​មួយ​ជាមួយ​ឪពុក​ម្តាយ សួរ​ថា​កូន​ហ៊ាន​ដែរ​ឬទេ ? ចម្លើយ​នោះ​ គឺ​គ្មាន​ទេ មិន​ថា​ឡើយ​តែ​ពិភាក្សា​ សូម្បី​តែ​សម្លឹង​មុខ​ក៏​មិន​ហ៊ាន​ដែរ ។

៥. មិន​ចាប់​អារម្មណ៍ក្នុង​រឿង​រ៉ាវ​ដែល​កូន​និយាយ​

ការ​ដែល​កូន​និយាយ​ស្តី​អ្វី​មួយ​ឪពុក​ម្តាយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់ ឬ​គិត​ថា​ជារឿង​អត់​ប្រយោជន៍​រហូត​នោះ​ តើ​ពេល​ណា​ទៅ​ទើប​កូន​ហ៊ាន​ពិភាក្សា​ជាមួយ​ ? គេ​ថា​ការ​មើល​រំលង​នូវ​មតិរបស់​កូន វា​មិន​ត្រឹម​តែ​រុញ​ច្រាន​ឱ្យ​គេ​អស់​ជំនឿ​ខ្លួន​ឯង​ទេ សូម្បី​ការ​ងារ​ផ្សេងៗ​ក៏​គេ​មិន​ហ៊ាន​សម្រេច​ចិត្ត​ ឬ​មិនហ៊ាន​ធ្វើ​ដែរ​ ។

៦. ប៉ាន់​ស្មាន​ខ្លួន​ឯង​

ពេល​ខ្លះ​កូន​តំណាល​ប្រាប់​ពី​រឿង​រ៉ាវ​ ឬ​សួរ​សំណួរ​មួយ​ចំនួន​មិន​មែន​មាន​ន័យ​ថា​កូនចង់​ធ្វើ​របស់​នោះ​ជានិច្ច​ទេ ។ ឪពុក​ម្តាយ​មិន​ត្រូវ​ធ្វើ​ការ​ប៉ាន់​ស្មាន​ហើយ​​វាយ​តម្លៃ​សភាពការណ៍​រួច​ស្តី​បន្ទោស​ឡើយ​ ។ ការ​ធ្វើ​បែប​នេះ​ជះ​ផល​អាក្រក់​ដល់​កូន​ ព្រោះ​មិន​ត្រឹម​តែ​កូន​លែង​ហ៊ាន​និយាយ​រឿង​រ៉ាវ​ប្រាប់​ទេ​ សូម្បី​តែ​កូន​ចង់​ពិភាក្សា​រឿង​រ៉ាវ​ក៏​មិន​ហ៊ាន​ថែម​ទៀត​ផង​ ។

៧. មិន​ព្រម​ស្តាប់​តាម​ការ​យល់​ឃើញ​របស់​កូន​

បើ​ទោះ​បី​កូន​នៅ​តូច​ក៏​ដោយ​ បើគេ​និយាយ​ស្តី​ ឬ​ធ្វើ​អ្វី​មួយ​ឪពុក​ម្តាយ​ត្រូវ​តែ​ស្តាប់​ហើយ​បើ​ល្អ​ ថា​ល្អ បើ​អាក្រក់​ ថា​អាក្រក់ ។​ ក្រៅពី​នេះ​បើ​គេ​ធ្វើ​បាន​ល្អ​ត្រូវ​សរសើរ​ និង​លើក​ទឹក​ចិត្ត​ ផ្ទុយ​មក​វិញ​បើ​រាល់​បញ្ហា​មិន​ដែល​យក​ត្រចៀក​ស្តាប់​នោះ​ តើ​ធ្វើ​ឱ្យ​កូន​មាន​កម្លាំង​ចិត្ត​ផ្តល់​យោបល់ ឬ​ហ៊ាន​និយាយ​រឿង​សំខាន់ៗ​ជាមួយ​ឪពុក​ម្តាយ​យ៉ាង​ដូចម្តេច ? ពេល​ខ្លះ​កិច្ចការ​សាលា​សំខាន់​ក៏​គេ​សុខ​ចិត្ត​មិន​ហ៊ាន​និយាយ​ប្រាប់​ឪពុក​ម្តាយ​ដែរ ។

៨.​ ចូលចិត្ត​ដេញ​ទាន់​ជាន់​កែង​បន្ថែម​

នៅ​ពេល​កូន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ខុស​ហើយ​សុំ​ពិភាក្សា​ជាមួយ​ឪពុក​ម្តាយ​ដើម្បី​រក​វិធី​ដោះ​ស្រាយ​ឪពុក​ម្តាយ​មិន​គួរ​និយាយ​ផ្ចាញ់​ផ្ចាល ឬ ដេញ​ទាន់​ជាន់​កែង​បន្ថែម​ទេ ។​ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​កូន​បាក់​ទឹក​ចិត្ត​ទេ សូម្បី​ជំនឿចិត្ត​មាន​ទាង​ប៉ុន្មាន​ក៏​ត្រូវ​រលាយ​បាត់​អស់​ដែរ ។

៩. មិន​ធ្លាប់​ផ្តល់​ពេល​វេលា​ដល់​កូន​

បើ​ទោះ​បី​ឪពុក​ម្តាយ​តែង​និយាយ​ថា​ នឹង​ធ្វើ​ជាទី​ប្រឹក្សា​ដល់​កូន​កម្រិត​ណា​ក៏​ដោយ​ ប៉ុន្តែ​បើ​ធាតុ​ពិត​នោះ​ត្រឡប់​ជា​មិន​មាន​ពេល​វេលា​ផ្តល់​ឱ្យ​កូន​បន្តិច​សោះ​ សួរ​ថា​នៅ​ពេល​កូន​កើត​បញ្ហា​ទាំង​តូច​ទាំង​ធំ​គេ​អាច​យក​បញ្ហា​នេះ​ទៅ​សាក​សួរ​អ្នក​បាន​ឬទេ​ ?

ទោះជា​មាន​កិច្ច​ការ​ច្រើន​ប៉ុនណា​ក៏​ដោយ​ ឪពុក​ម្តាយ​ចាំ​បាច់​ណាស់​ត្រូវ​ចេះ​យក​ចិត្ត​ទុក​ដាក់​ និង​សួរ​នាំ​កូន​ឱ្យ​បាន​ញឹក​ញាប់ ។ ការ​ធ្វើ​បែប​នេះ​ក្រៅ​ពី​ផ្តល់​ភាព​ស្និទ្ធ​ស្នាល​ហើយ​នោះ​ ថែម​ទាំង​ជួយ​ឱ្យ​កូន​កក់​ក្តៅ​ផ្លូវ​ចិត្ត និង ជា​ពិសេស​ហ៊ាន​ពិភាក្សា​រឿង​រ៉ាវ​នានា​ជាមួយ​ឪពុក​ម្តាយ​ថែម​ទៀត​ផង ។​

Comentarios


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page