ញ៉ាំអាហារ៧យ៉ាងនេះ អាចជួយបន្ថយសក់ជ្រុះ និងធ្វើឲ្យសក់ដុះលឿន
- news.sabay.com.kh
- Aug 26, 2015
- 1 min read
បញ្ហាសក់ជ្រុះអាចកើតឡើងលើបុរស ឬនារី ដោយសារកង្វះសារជាតិចិញ្ចឹមណាមួយ ។ ក្រៅពីវិធីព្យាបាល និងថែទាំផ្សេងៗ ការបរិភោគអាហារសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែមួយចំនួន ក៏អាចរួមចំណែកជួយដល់ការលូតលាស់សក់ និងបង្ការសក់ជ្រុះបានដែរ។ ខាងក្រោមនេះជាអាហារមួយចំនួន ដែលអ្នកជួបបញ្ហាជ្រុះសក់ គួរបរិភោគ៖
១. ការ៉ុត និងដំឡូងជ្វា

មើមការ៉ុតមិនត្រឹមមានវីតាមីនA ជំនួយដល់ភ្នែកតែមួយមុខនោះទេ ប៉ុន្តែសារធាតុវីតាមីន A ក៏ជួយបង្កើនការដុះលូតលាស់នៃសក់ផងដែរ។ ចំណែកឯមើមដំឡូងជ្វាមានផ្ទុកសារជាតិ Beta-carotene ដែលបំលែងជាវីតាមីន A ជ្រាបក្នុងសារពាង្គកាយដែលជួយដល់ការដុះលូតលាស់នៃសក់។
២. ស៊ុត

អាហារដែលងាយរកទិញ ហើយមានសារប្រយោជន៍នោះ គឺស៊ុត។ វាមិនត្រឹមតែសំបូរទៅដោយសារធាតុចិញ្ចឹម ដូចជាប្រូតេអ៊ីន វីតាមីនB12 ជាតិដែក ស័ង្កសី និងអូមេហ្គាអាស៊ីត6 ប៉ុណ្ណោះទេ អ្វីដែលពិសេសនោះគឺ ជាតិ Biotin (វីតាមីនB7) ដែលជួយទប់ស្កាត់ការជ្រុះសក់បាន។
៣. Oat (ដូចស្រូវសាលី)

Oat គឺជាគ្រាប់ធញ្ញជាតិដែលសំបូរដោយជាតិសរសៃ Fiber ស័ង្កសី ដែក អូមេហ្គាអាស៊ីត៦ និងអាស៊ីត polyunsaturated fatty ដែលសារធាតុទាំងនេះជួយដល់ការលូតលាស់នៃសក់ និងធ្វើឲ្យសក់ក្រាស់មានសុខភាពល្អ។ នៅកម្ពុជា ប្រិយមិត្តអាចរកទិញ oat បាននៅតាមផ្សារទំនើបនានា។
៤. សាច់មាន់

សាច់មាន់ផ្ដល់នូវប្រភពជាតិប្រូតេអ៊ីនល្អដែលជួយពង្រឹងសក់ក្បាលឲ្យរឹងមាំ និងបង្ការមិនឲ្យសក់ជ្រុះ។
៥. ផ្លែស្ត្រប័ររី

ផ្លែស្ត្រប័ររីសំបូរទៅដោយសារធាតុ Silica។ សារធាតុ Silica នេះជាជាតិរ៉ែ ដែលសំខាន់សម្រាប់ជួយជំរុញការលូតលាស់សក់ និងធ្វើឲ្យសក់រឹងមាំផងដែរ។ ជាតិ Silica អាចមាននៅក្នុងបន្លែមួយចំនួនដូចជា ស្ពៃក្ដោប ត្រសក់ ខ្ទឹមបារាំង ផ្កាស្ពៃ និងគ្រាប់ធញ្ញជាតិ។
៦. ទឹកដោះគោជូរ

យាអ៊ួរ ឬទឹកដោះគោជូរ មានវីតាមីន B5 និងវីតាមីន D ដែលគេស្គាល់ថាវាជួយពង្រឹងដល់ឬសសក់ បានយ៉ាងល្អ។
៧. អាហារសំបូរជាតិវីតាមីនC

កង្វះខាតជាតិវីតាមីន C ធ្វើឲ្យការស្រូបយកជាតិដែកនៃរាងកាយថយចុះ ដែលជាមូលហេតុធ្វើឲ្យសក់ជ្រុះ។ វីតាមីនC មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរារាំងរ៉ាឌីកាល់សេរី ដែលជួយបង្ការកុំឲ្យសក់ជ្រុះឬសក់ខ្សោយបាន។ វីតាមីន C មាននៅសំបូរក្នុង ផ្លែក្រូច ល្ហុង ក្រូចឆ្មារ ជាដើម៕
Comments