បុគ្គល៤រូបដែលចូលរួមសកម្មក្នុងប្រវត្តិទាមទារសិទ្ធិមនុស្ស
- news.sabay.com.kh
- Jul 13, 2015
- 1 min read
កាលពីសម័យបុរាណ មនុស្សមានសិទ្ធិពុំស្មើគ្នានោះទេ ដោយត្រូវបានគេបែងចែកវណ្ណៈ និងពណ៌សម្បុរផ្សេងៗ ហើយក្រុមអ្នកប្រកាន់ពូជសាសន៍ បានរើសអើង និងចាត់ទុកអ្នកទន់ខ្សោយជាងខ្លួនថាជាទាសករ។ យ៉ាងណាក្ដី មានសកម្មជននយោបាយ និងបុគ្គលល្បីៗមួយចំនួន បានក្រោកឈរឡើង តស៊ូយ៉ាងសកម្ម រហូតទាមទារឲ្យមានសិទ្ធិស្មើគ្នាចំពោះបុគ្គលគ្រប់រូប និងបំបាត់របបទាសភាពផងដែរ។ ខាងក្រោមនេះជាបុគ្គល៤រូប ក្នុងចំណោមបុគ្គលគំរូទាំងនោះ៖
១. Abraham Lincoln (១៨០៩-១៨៦៥)

លោកជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាមស៊ីវិល។ លោកបាននាំមកនូវសិទ្ធិសេរីភាពស្មើគ្នានៃប្រជាពលរដ្ឋអាមេរិកតាមរយៈការបង្កើតសេចក្ដីប្រកាសលុបបំបាត់របបទាសភាព (១៨៦៣) ។ សេចក្ដីប្រកាសនេះបានទៅដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ (ច្បាប់កំពូល) អាមេរិកក្នុងឆ្នាំ១៨៦៥។
២. Frederick Douglass (១៨១៨-១៨៩៥)

លោក Douglass គឺជាអតីតទាសករម្នាក់ ប៉ុន្តែលោកបានចូលរួមយ៉ាងសកម្មក្នុងការទាមទារឲ្យសិទ្ធិស្មើគ្នា លប់បំបាត់របបទាសភាព និងភាពអយុត្តិធម៌ទាំងឡាយ ដែលកើតមានតាមរយៈការប្រកាន់បក្សពួក។ លោកបានចូលរួមក្នុងការថ្លែងសន្ទរកថានានាដើម្បីលើកកម្ពស់ភាពស្មើគ្នា មិនឲ្យមានការប្រកាន់សិទ្ធិ រើសអើងភេទ និងសាសនា។
៣. Nelson Mandela (១៩១៨-២០១៣)

លោក Mandela បានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារឲ្យមានសិទ្ធិស្មើគ្នា និងលុបបំបាត់ភាពរើសអើងដល់អ្នកជនជាតិស្បែកខ្មៅ។ តែជាអកុសលដោយសារការប្រឆាំងទាមទារសិទ្ធិរបស់លោក គាត់ត្រូវបានគេចាប់យកទៅឃុំខ្លួនអស់ជាង២០ឆ្នាំ។ ក្រោយមកលោកបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីនៃប្រទេសប្រជាធិបតេយ្យអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ១៩៩៤។
៤. Martin Luther King (១៩២៩-១៩៦៨)

លោក Martin ជាអ្នកទាមទារសិទ្ធិមនុស្សដោយអហិង្សា។ លោកបានជំរុញឲ្យមានចលនាទាមទារសិទ្ធិស្មើគ្នានៃប្រជាជនអាម៉េរិកាំង។ នាឆ្នាំ១៩៦៣ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកបានរៀបចំការថ្លែងសន្ទរកថាដ៏ល្បីមួយ ដែលមានឈ្មោះថា “ខ្ញុំមានក្ដីសុបិន” ដែលស្ដីអំពីសិទ្ធិមនុស្ស។ លោកជាវីរបុរស និងជាទីគោរពនៃប្រជាជនអាមេរិកទាំងឡាយជាពិសេសអ្នកជនជាតិស្បែកខ្មៅ។
ក្រៅពីបុគ្គលទាំង៤រូបខាងលើ នៅមានបុគ្គលិកល្បីឈ្មោះជាច្រើនទៀតដែលបានចូលរួមប្រយុទ្ធប្រឆាំង ទាមទារសិទ្ធិស្មើគ្នានៅក្នុងសង្គម៕
Comentarios