៧ ចំណុចដែលលោកអ្នកស្វែងយល់ឲ្យច្បាស់ពីអត្ថន័យរបស់លុយ
- thebnews.com
- Jun 11, 2015
- 1 min read

ពាក្យថា “លុយ” បានធ្វើឲ្យមនុស្សនៅទូទាំងពិភពលោកឲ្យនិយមន័យផ្សេងៗគ្នា។ អ្នកខ្លះយល់ថា មានលុយគឺមានអ្វីៗទាំងអស់។ អ្នកខ្លះទៀតនិយាយថា លុយមិនសំខាន់ សំខាន់គឺគំនិត។ ទោះបីជាមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ អ្វីដែលមានសារសំខាន់បំផុតសម្រាប់ចែកជួនដល់ប្រិយមិត្តនៅពេលនេះ គឺលោកអ្នកអាចស្វែងយល់ពីអត្ថន័យរបស់វាចំនួន ៨យ៉ាងខាងក្រោមនេះបន្តិច។ នេះនឹងធ្វើឲ្យលោកអ្នក អាចយល់បានថា តើនិយមន័យដ៏ពិតរបស់វាស្ថិតនៅលើអ្វី?
១) លុយគឺជារឿងចាំបាច់ និយាយឲ្យស្មោះត្រង់មានរបស់តិចតួចណាស់ដែលលុយមិនអាចទិញបានភ្លាមៗនៅក្នុងលោកយើងនេះ មានដូចជា អាយុជីវិត សុភមង្គល ចំណេះដឹង ភាពវៃឆ្លាត កិត្តិយស ។ល។ លុយវាសំខាន់សម្រាប់ជួយឲ្យអ្នកអាចរស់រានដោយស្រួលនៅក្នុងសង្គមមួយសម្រាប់ផ្គត់ផ្គង់ទិញយកអ្វីៗដែលមនុស្សភាគច្រើនមិនមានក្នុងនោះមានដូចជា មានរថយន្តជិះទំនើបៗ ស្នាក់នៅក្នុងវិឡាថ្លៃៗ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានសំលៀកបំពាក់ល្អៗ ឬ មានសេវាកម្មសុខភាពល្អឥតខ្ចោះជាដើម។ យ៉ាងណាមិញលុយវាមិនសំខាន់នោះឡើយប្រសិនបើអ្នកត្រឹមតែត្រូវការវាសម្រាប់តម្រូវការរបស់អ្នកប្រចាំថ្ងៃនោះ តែបើអ្នកចង់បានឲ្យលើសពីនេះទៀតនោះដូចអ្វីដែលបានរៀបរាប់ខាងលើនេះ គឺថាជៀសមិនផុតពីរឿងត្រូវការលុយកាក់ឲ្យបានក្រាស់ក្រែលនោះឡើយ។
២) លុយត្រូវចេះគ្រប់គ្រងវាឲ្យបាន វាជារឿងងាយស្រួលដើម្បីធ្វើឲ្យលុយក្នុងចំនួនណាមួយដែលអ្នករកបានបាត់បង់ទៅវិញនៅក្នុងពេលណាមួយ។ កត្តាសំខាន់ដែលរួមមាន ភាពលោភលន់ តណ្ហាលើមាសប្រាក់ អំណាច ជាពិសេសនៅពេលដែលកត្តាទាំងនេះមកដល់ចំណុចប្រសព្វទៅនឹងការចំណាយ និង មហិច្ឆតាដែលគិតថា ចង់ទិញនេះទិញនោះមិនចុះចប់នៅពេលដែលខ្លួនគ្មានលទ្ធភាពនោះ វានឹងក្លាយជាឧបករណ៍ដ៏គ្រោះថ្នាក់មួយនៅទីនេះ។ ជាទូទៅមនុស្សចង់ផ្គូផ្គងខ្លួនឯង ឬ ចង់រស់នៅឲ្យហួសពីអ្វីដែលខ្លួនមាន ដែលនេះធ្វើឲ្យពួកគេបាត់បង់គ្រប់គ្រងអ្វីដែលជាតម្រូវការចាំបាច់របស់ខ្លួន ទៅផ្គាប់ចិត្តនឹងភាពលោភលន់ដែលគ្មានប្រយោជន៍។ អ្វីដែលមនុស្សយើងមិនបានដឹងនោះគឺថា ការផ្គាប់ចិត្តនេះហើយដែលជាអន្ទាក់នៃការចំណាយគ្មានទីបញ្ចប់។
…ចៅហ្វាយដែលមិនមិនពេញចិត្តអ្នក នឹងបញ្ចេញអាកប្បកិរិយាចំនួន ៣នេះនៅកន្លែងធ្វើការ…
៣) សុបិននឹងក្លាយជាការពិតដោយសារតែលុយ ចំពោះអ្នកដែលសុបិនចង់មានប្រាក់ច្រើនលើសលប់ អំណាច កិត្តិយស ត្រូវតែដឹងថា អ្នកអាចរកលុយបានកាន់តែច្រើនលុះតែអ្នកមានលុយ។ អ្នកត្រូវតែឆ្លាតបន្តិចពីរឿងលុយកាក់នេះដើម្បីសម្រេចគោលដៅដ៏ជាក់លាក់មួយ ហើយនៅពេលដែលអ្នកចូលរួមអនុវត្តផែនការផ្ដោតទៅលើគោលដៅនោះហើយ អ្នកអាចប្រែក្លាយក្តីសុបិន្ដរបស់អ្នកឲ្យក្លាយជាការពិតបាន។ យ៉ាងណាមិញ វាមិនចាំបាច់នោះទេដែលថា ដុល្លារគឺជាវត្ថុចម្បងធ្វើឲ្យអ្នកសម្រេចក្តីសុបិន្ដរបស់អ្នកបាន ពោលគឺទឹកចិត្ត វិជ្ជាជីវៈ ជំនាញបទពិសោធន៍ ចំណេះដឹង ដែលកើតមាននៅក្នុងខ្លួនរបស់អ្នក ទាំងនេះក៏អាចធ្វើឲ្យក្តីសុបិន្ដនោះអាចក្លាយជាការពិតបានដែរ។
៤) មនុស្សអាចក្លាយជាទាសកររបស់លុយបានដោយងាយ នៅក្នុងករណីនេះវិញ គេបានសង្កេតឃើញថា មនុស្សអាចក្លាយជាទាសកររបស់លុយបានដោយងាយ ជាពិសេសនៅពេលដែលចំណង់ និង សម្ភារៈនិយមស្ថិតមកដល់ចំណុចប្រសព្វគ្នា។ ពេលនោះហើយដែលការចំណាយ បានក្លាយជាសំបុកពីងពាងដ៏ស្អិតមួយចាំស្ទាក់លុយរបស់អ្នក។ ហេតុនេះដូចអ្វីដែលបានលើកឡើងខាងលើ អ្នកត្រូវចេះគ្រប់គ្រងលុយឲ្យមានប្រសិទ្ធភាពបំផុត ជាពិសេសចំណាយត្រឹមតែលើអ្វីដែលចាំបាច់ ទើបសុបិន្ដរបស់អ្នកអាចក្លាយជាការពិតបាន។
៥) លុយជាវត្ថុដែលអ្នកត្រូវចំណាយឲ្យបានត្រឹមត្រូវ អ្នកគួរតែដឹងថា តើអ្នកបានរកប្រាក់ចំណូលបានប៉ុន្មាន? ហើយចំណាយទៅវិញប៉ុន្មាន? អ្វីដែលសំខាន់នៅទីនេះនោះគឺថា អ្នកត្រូវតែរកចំណូលឲ្យបានច្រើនជាងចំណាយ ឬ ចំណាយឲ្យតិចជាងចំណូល នោះហើយជាអ្វីដែលអ្នកគួរដឹងថា តើអ្វីខ្លះធ្វើឲ្យអ្នកចំណាយច្រើនជាងគេបំផុត?។ បន្ទាប់មករកគន្លឹះកាត់បន្ថយចំណាយលើវាឲ្យបានច្រើនតាមតែអាចធ្វើបាន។ ហេតុផលដែលអ្នកត្រូវធ្វើនៅទីនោះគឺដើម្បីធានាថា អ្នកពិតជាមានលុយគ្រប់គ្រាន់សម្រាប់សន្សំទុក ឬ វិនិយោគនៅថ្ងៃខាងមុខ។
៦) បង្កើតបេសកកម្មមួយឲ្យខ្លួនឯង ជាការពិតសុបិន្ដគ្រាន់តែជាសុបិន្ដបើអ្នកមិនអាចឲ្យវាក្លាយជាការពិតបាន ហេតុដូច្នេះអ្នកត្រូវតែដឹងឲ្យប្រាកដថា អ្នកអាចផ្ដួចផ្ដើមបង្កើតបេសកកម្មរបស់ផ្ទាល់ខ្លួនមួយបាន។ បេសកកម្មនេះ នឹងជួយអ្នករៀបចំពេលវេលាដ៏សមស្របមួយសម្រាប់សកម្មភាពរបស់អ្នក ដើម្បីធានាថាពិតជាអ្នកអាចបោះជំហានទៅមុខបានរហូតដល់អ្នកអាចសម្រេចគោលដៅរបស់អ្នក។ នោះហើយជាអ្វីដែលអ្នកជោគជ័យលើរឿងលុយកាក់នេះ។
៧) លុយ និង ទ្រព្យសម្បត្តិផ្ទាល់ខ្លួនគឺជាជម្រើសដ៏លំបាកបំផុតមួយដើម្បីបង្កើតវាឡើង រឿងនេះអ្នកអាចយល់បានថា ដោយគ្រាន់តែសាកសួរមនុស្សនៅជុំវិញអ្នក ហើយពួកគេនឹងនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ឬ រឿងលុយកាក់ដែលគេរកបានឲ្យអ្នកស្តាប់ជាមិនខាន។ យ៉ាងណាមិញអ្វីដែលអ្នកទទួលបាននោះគឺថា លុយ និង ទ្រព្យសម្បត្តិដ៏ច្រើនមួយមិនអាចកើតមាននៅក្នុងពេលតែមួយនោះឡើយ ពោលគឺអ្នកត្រូវឆ្លងកាត់បទពិសោធន៍ការងារ សិក្សារៀនសូត្រ តស៊ូ ការអត់ធ្មត់ ដើម្បីរកលុយមកទុកឲ្យខ្លួនឯងឲ្យបានកាន់តែច្រើនឡើង។ ចំណាប់អារម្មណ៍នៅនេះនោះគឺថា នៅពេលដែលអ្នករកលុយបានកាន់តែច្រើន ទ្រព្យសម្បត្តិរបស់អ្នកក៏កើនតាមនោះដែរ ដែលនេះហើយធ្វើឲ្យអ្នកកាន់តែសប្បាយចិត្ត៕
Comments