អ្នកវិទ្យាសាស្ត្រ រកឃើញពីវិធីដែលអាចជួយកម្ចាត់ភាពភ័យខ្លាច និងគំនិតអវិជ្ជមានចេ
- thebnews.com
- Jun 11, 2015
- 1 min read

មនុស្សយើងរស់នៅក្នុងសង្គម ជួនអ្នកខ្លះមានគំនិតវិជ្ជមាន និងអ្នកខ្លះមានគំនិតអវិជ្ជមាន។ នៅពេលមនុស្សគិតអំពីអ្វីមួយ ឬសម្លឹងឃើញអ្វីមួយក្នុងផ្លូវអវិជ្ជមាន អាចនាំមកនូវលទ្ធផលអវិជ្ជមានផងដែរ។ លោកអ្នកខ្លះ នៅពេលចាប់ផ្ដើមធ្វើអ្វីមួយ ឬប្រកបមុខរបរអ្វីមួយ មិនទាន់ដឹងលទ្ធផលយ៉ាងណាផង ក៏មានគំនិតទុទ្ទិដ្ឋិនិយម ឬអវិជ្ជមានតាំងពីដើមទីទៅតែម្ដង ហើយថ្លែងតែរឿងអស់សង្ឃឹមទុកមុន។
កាលណាមានគំនិតអវិជ្ជមានហើយនោះ ការរកស៊ីអ្វីក៏មិនសូវរីកចម្រើន សម្លឹងអ្នកក្បែរខាង ឬបកស្រាយព្រឹត្តិការណ៍ ឬហេតុការណ៍អ្វីមួយក្នុងផ្លូវអាក្រក់ជាដរាប ហើយច្រើនដាក់កំហុសតែទៅលើកត្តាខាងក្រៅខ្លួនជាដរាប។ ពេលខ្លះ មនុស្សយើងមានគំនិតអវិជ្ជមានខ្លួនឯង សម្លឹងឃើញអ្វីមួយអវិជ្ជមាន ក្នុងពេលដែលមជ្ឈដ្ឋានទូទៅយល់ផ្សេងពីនេះ។
លទ្ធផលនៃការស្រាវជ្រាវផ្នែកវិកលវិទ្យា និងចិត្តវិទ្យាបង្ហាញថាមូលហេតុសំខាន់មួយដែលធ្វើឲ្យមនុស្សមានអារម្មណ៍ ឬគិតអ្វីក្នុងផ្លូវអវិជ្ជមាន ព្រោះបុគ្គលរូបនោះ ធម្មជាតិរបស់គាត់ គឺសារធាតុគីមីធម្មជាតិម្យ៉ាងឈ្មោះសេរ៉ូតូនីន (serotonin) មិនមានគ្រប់គ្រាន់នៅក្នុងខួរក្បាល។ សារធាតុនេះមានសារៈសំខាន់បំផុតសម្រាប់ធ្វើឲ្យសតិអារម្មណ៍ និងអាកប្បកិរិយារបស់មនុស្សប្រព្រឹត្តទៅដោយប្រក្រតី។ បណ្ឌិត Time Wilson ដែលជាគ្រូបង្រៀនចិត្តវិទ្យា នៅសាកលវិទ្យាល័យ Virginia បានបង្ហើបអំពីគន្លឹះសាមញ្ញៗដើម្បីរំដោះខ្លួនចេញពីគំនិតអវិជ្ជមាន មានសេចក្ដីដូចខាងក្រោម។
ជាបឋម អ្វីដែលធ្វើឲ្យលោកអ្នកស្មុគស្មាញក្នុងចិត្ត ជាពិសេសហេតុការណ៍ដែលទើបតែកន្លងទៅថ្មីៗ ហើយមិនទាន់រសាយបាត់ពីក្នុងចិត្ត។ វិធីសាមញ្ញបំផុតដែលមនុស្សទូទៅអាចធ្វើបាននៅចំពោះមុខទិដ្ឋភាពអវិជ្ជមានបែបនេះ។ លោកអ្នកអាចសាកល្បងដោះស្រាយលំហាត់ងាយៗ ដូចជាលំហាត់សរសេរជាដើម។
អ្នកចិត្តវិទ្យាសង្គម (social psychologist) James Caan Beggar បានណែនាំវិធីដ៏សាមញ្ញមួយ ហាត់សរសេរពាក្យពេចន៍គ្រប់បែបយ៉ាងនៅលើក្រដាស។ លោកអ្នកអាចសរសេរអំពីអ្វីក៏បានឲ្យតែពាក់ព័ន្ធនឹងបញ្ហា ឬទិដ្ឋភាពអវិជ្ជមានដែលធ្វើឲ្យលោកអ្នកសៅហ្មងចិត្ត។ មួយយប់ៗ ត្រូវចំណាយពេលសរសេររៀបរាប់អំពីបញ្ហានេះឲ្យបាន ១៥ នាទីយ៉ាងតិច។ នៅពេលដែលលោកអ្នកកាន់តែរកនឹកសរសេរអំពីអ្វីដែលមាននៅក្នុងចិត្តកាន់តែច្រើន នឹងធ្វើឲ្យលោកអ្នកមើលឃើញបញ្ហាកាន់តែច្បាស់ និងចេះវិភាគថ្លឹងថ្លែងអំពីខ្លួនឯង ជាលក្ខណៈស្វ័យវិភាគ (self-analysis)។
ស្ដាប់មួយភ្លែតហាក់ដូចជាសាមញ្ញៗ ប៉ុន្តែមានន័យជ្រៅ ហើយក៏មិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ ការហាត់សរសេរ និងវិភាគអំពីខ្លួនឯងបែបនេះ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដែលគេនឹកស្មានមិនដល់។ នេះជាមូលហេតុសំខាន់ដែលធ្វើឲ្យបុគ្គលដែលធ្លាប់មានគំនិតអវិជ្ជមានបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ហើយរំដោះខ្លួនចេញពីស្ថានភាពនេះ។ បុគ្គលទាំងនោះចាប់ផ្ដើមពីការសរសេររឿងរ៉ាវរបស់ខ្លួនឯង ដោយសរសេរអ្វីក៏បាន និងប្រើភាសាច្រឡំបល់ ឬចាប់ចុងព្រយុងគល់ (jumble and incoherent) យ៉ាងដូចម្ដេចក៏បាន ព្រោះមិនមែនសរសេរឲ្យអ្នកណាមើលទេ។
ហាត់សរសេរបែបនេះរាល់យប់ យូរៗទៅ លោកអ្នកនឹងរកឃើញចម្លើយដែលនាំឲ្យមានគំនិតអវិជ្ជមាន គឺមកពីខ្លួនឯង ជាជាងបណ្ដាលមកពីមជ្ឈដ្ឋានខាងក្រៅ។ ទីបំផុត លោកអ្នកនឹងជម្រុះចោលបន្តិចម្ដងៗនូវគំនិតអវិជ្ជមានរហូតដល់សឹងតែចំណុចសូន្យ ឬក្បែរសូន្យ។ នៅពេលលោកអ្នកមានគំនិតវិជ្ជមាន និងសុទិដ្ឋិនិយម នាំឲ្យសុខភាពផ្លូវចិត្ត/ផ្លូវកាយ ប្រព័ន្ធការពារខ្លួន មានលក្ខណៈល្អប្រសើរ និងរឹងមាំ៕
Comments