លោកអ្នកគួរអនុវត្តបែបណានៅពេលជួបមនុស្សប្រកាច់ដោយជំងឺឆ្កួតជ្រូក ?
- kohsantepheapdaily
- Jun 8, 2015
- 1 min read
រោគឆ្កួតជ្រូកត្រូវបានចែកចេញជាពីរប្រភេទធំៗគឺ ប្រកាច់ប្រភេទធ្ងន់ធ្ងរ និងប្រភេទស្រាល ជាទូទៅអ្នកដែលមានបញ្ហាអាការស្រាលមិនសូវជាមានបញ្ហាអ្វីធំដុំនោះទេ តែសម្រាប់អ្នកដែលមានបញ្ហាឆ្កួតជ្រូកធ្ងន់ធ្ងរ ប្រកាច់រមួលខ្លួនធ្វើភែ្នកស្លឺវិញប្រាកដជារន្ធត់ចិត្តមិនតិចទេ តែកុំស្លុតឲ្យសោះតាំងចិត្តជួយសង្គ្រោះដោយវិធីខាងក្រោម ៖
-មិនត្រូវឲ្យមានមនុស្សមករោមគាត់ទេគប្បីរក្សាភាពស្ងៀមស្ងាត់ ។
-យកវត្ថុផ្សេងៗមានកាំបិត ពូថៅ ចានដែកមានទឹក ធុងមានទឹក…ដែលនៅជុំវិញគាត់ ចេញក្រែងការប្រកាច់នោះរមៀលទៅលើវត្ថុទាំងនោះរឹតតែបន្ថែមគ្រោះថ្នាក់មួយតង់ទៀត ។ យកល្អពេលប្រកាច់គួរយកខ្នើយឬក្រណាត់មកទ្រាប់ក្បាលបញ្ចៀសការបោកប៉ះខ្លាំង ។
-បន្ធូរសម្លៀកបំពាក់ដែលចង្អៀតងាយស្រួលដកដង្ហើមពេលបម្រះននៀលហត់ដង្ហក់ ។
-ខណៈកំពុងកើតអាការប្រកាច់នោះ អ្នកគួរនៅជាមួយគាត់រហូតទាល់តែប្រាកដក្នុងចិត្តថាគាត់ដឹងខ្លួនវិញហើយ ទើបអាចត្រលប់ទៅផ្ទះ ។
ចំពោះរោគសញ្ញានៃជំងឺឆ្កួតជ្រូកនេះមាន៖
-ជាទូទៅជំងឺឆ្កួតជ្រូកកម្រើកឡើងតែងបង្ហាញលក្ខណៈប្រឹងខ្លួនឡើងរឹងឆ្កឹង ឬអាចប្រកាច់កន្ត្រាក់សន្លប់ភ្លាម ។ -អ្នកជំងឺអាចដួលភ្លាម ពេលខ្លះអ្នកជំងឺស្រែកបញ្ចេញសំឡេងប្លែកៗ(និយាយមិនដឹងទិសតំបន់អ្វីទេ) ។ -សាច់ដុំប្រឹងបន្ទាប់មកចុះខ្សោយវិញ ហើយចាប់ផ្តើមទាញកន្ត្រាក់ៗ ។ -ហៀរទឹកមាត់ហូរប្រឡាក់ពេញមុខ បើអណ្តាតឬផ្នែកណាមួយត្រូវបានខាំនឹងឃើញមានឈាមហូរមកលាយជាមួយទឹកមាត់ផងដែរ។
បន្ទាប់ពីអាការប្រកាច់កន្លងផុតទៅ ដែលតាមធម្មតាគឺមានរយៈពេលប្រហែលជា៥នាទីជនរងគ្រោះនឹងដឹងខ្លួនម្តង តែអាចស្រឡាំងកាំងមានអារម្មណ៍ច្របូកច្របល់មមើមមាយប្រហែលជា១ម៉ោងទើបមានអារម្មណ៍ប្រក្រតីឡើងវិញតែធីងធោងអស់កម្លាំងដោយសារប្រឹងប្រកាច់ ហើយត្រូវការសម្រាក ។
តាមធម្មតានៅពេលមានសមាជិកនៃគ្រួសារណាម្នាក់កើតជំងឺប្រកាច់នេះ គេច្រើនយកសា្លបព្រាញាត់ចូលក្នុងមាត់ព្រោះយល់ថាខ្លាចអ្នកប្រកាច់នោះខាំដាច់អណា្តត តែជាការយល់ខុសទៅវិញទេ ការធ្វើបែបនេះរឹតតែបន្ថែមការគ្រោះថ្នាក់ទៅវិញទេអាចខាំបែកធ្មេញ ឬមុតមាត់ទៅវិញ ។
លោកអ្នកត្រូវចងចាំថា នៅពេលដែលកើតមានអាការជំងឺឆ្កួតជ្រូកនេះប្រកាច់ឡើងមិនត្រូវដាក់របស់អ្វីចូលក្នុងមាត់ឬឲ្យជនរងគ្រោះទទួលទានភេសជ្ជៈខណៈពេលកំពុងប្រកាច់នោះឡើយ ៕
Comentarios