១០ចំណុចដែលអ្នកត្រូវនិយាយមកកាន់ខ្លួនឯងនៅពេលជួបផលលំបាកខ្លាំង
- cool1007.com
- May 28, 2015
- 1 min read
ដើម្បីឆ្លើយនឹងសំនួរខាងលើ Cool FM សូមលើកយកប្រយោគខ្លះៗដែលមនុស្សជោគជ័យតែងតែនិយាយមកកាន់ខ្លួនឯងក្នុងពេលដែលពួកគេជួបបញ្ហាលំបាកម្ដងៗ៖

១. ខ្ញុំរឹងមាំ និងមានសមត្ថភាពខ្លាំងជាងអ្វីដែលខ្ញុំធ្លាប់គិត
អ្នកមានសមត្ថភាពអាថ៌កំបាំងមួយដ៏អស្ចារ្យ ដែលសូម្បីតែខ្លួនអ្នកក៏មិនបានយល់ដឹងដែរ។ ដូច្នេះហើយការគិតរបស់អ្នក មិនអាចទាញយកនូវសមត្ថភាពទាំងនោះចេញមកក្រៅបានទេ ប៉ុន្តែអ្នកត្រូវតែអ្នកជាមនុស្សអាចដោះស្រាយរាល់បញ្ហាគ្រប់យ៉ាង។
២. ខ្ញុំបានប្រឈម និងពុះពារឧបសគ្គច្រើនរួចមកហើយ ហើយខ្ញុំក៏អាចធ្វើវាបានម្ដងទៀតដែរ
ជីវិតមិនមែនកើតមកដើម្បីតែភាពស្រណុកសុខស្រួលប៉ុណ្ណោះទេ។ ជីវិតកើតមកដើម្បីរៀនសូត្រ និងអភិវឌ្ឍទៅមុខជានិច្ច។ ម្ដងហើយម្ដងទៀត អ្នកតែងតែបានជួបប្រទះនូវបញ្ហា តើហេតុអ្វីបានជាអ្នកមិនអាចដោះស្រាយបញ្ហានៅពេលនេះបាន។
៣. ខ្ញុំដឹងថាវាមានរឿងដ៏មានតម្លៃខ្លាំងណាស់ដែលខ្ញុំអាចរៀនសូត្របានក្នុងបញ្ហានេះ ទោះបីជាពេលនេះខ្ញុំមិនទាន់យល់អំពីមេរៀនទាំងនោះក៏ដោយ
រាល់បញ្ហាសុទ្ធតែមានគ្រាប់ពូជនៃដំណោះស្រាយមកជានិច្ច។ នេះគឺជាច្បាប់ធម្មជាតិ។ បើសិនជាអ្នកមិនអាចរកឃើញនូវដំណោះស្រាយ វាមានន័យថា លោកអ្នកមិនទាន់រកឃើញ មិនមែនមានន័យថា មិនអាចរកឃើញនោះឡើយ។
៤. ខ្ញុំអាចមានសេចក្ដីសុខនៅគ្រប់កាលៈទេសៈទាំងអស់
សេចក្ដីសុខមិនមែនកើតឡើងដោយសារសម្ភារៈ ឬបុគ្គលខាងក្រៅឡើយ។ ប៉ុន្តែសេចក្ដីសុខពិតប្រាកដគឺស្ថិតនៅខាងក្នុង។ ដូច្នេះហើយ បុគ្គលដែលខ្លាំងមិនបានស្វែងរកសេចក្ដីសុខពីរឿងខាងក្រៅខ្លួនទេ។ រាល់ខណៈនៃជីវិតគឺជាសេចក្ដីពិតនៃជីវិត ទោះបីអាក្រក់ ឬល្អគឺវាប្រព្រឹត្តទៅតាមដំណើរធម្មជាតិនោះ។ ការយល់ច្បាស់អំពីរឿងនេះ ធ្វើឱ្យអ្នកមានសេចក្ដីស្ងប់ពីខាងក្នុង។ សេចក្ដីស្ងប់នេះហើយគឺជាសេចក្ដីសុខពិតប្រាកដ។
៥. ខ្ញុំបានប្រព្រឹត្តកំហុសកាលពីមុន ប៉ុន្តែខ្ញុំមិនមែនជាកំហុសនោះទេ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំក្នុងការផ្លាស់ប្ដូរឱ្យមានភាពប្រសើរឡើង
អ្នកមិនត្រូវរស់នៅក្នុងអតីតកាលនោះទេ។ វាពិតណាស់ដែលថាអ្នកបានប្រព្រឹត្តកំហុសនៅក្នុងអតីតកាល ប៉ុន្តែអ្នកមិនមែនជាកំហុសនោះគ្រប់ពេលទេ អ្នកនឹងអាចផ្លាស់ប្ដូរស្ថានការណ៍ នោះជាមិនខាន ហើយអ្វីៗគ្រប់យ៉ាងនឹងមានភាពប្រសើរឡើង។
៦. ខ្ញុំមានសេចក្ដីស្ងប់ ហើយផ្ចង់អារម្មណ៍បានយ៉ាងល្អដើម្បីដោះស្រាយបញ្ហាទាំងនេះ
ការបូជាកម្លាំងកាយ និងកម្លាំងចិត្តទាំងស្រុងចំពោះបញ្ហាដែលអ្នកមាននោះគឺជាមធ្យោបាយ មួយដ៏ល្អបំផុត ព្រោះបើអ្នកមានក្ដីកង្វល់ច្រើន លោកអ្នកមិនអាចប្រើប្រាស់សក្ដានុពលទាំងស្រុងរបស់អ្នកដើម្បីដោះស្រាយបញ្ហាបានឡើយ។
៧. ខ្ញុំជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការសម្រេចចិត្ត
ជំនឿជាក់គឺជាកត្តាដ៏សំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែការជឿជាក់ត្រូវតែស្ថិតនៅក្នុងភាពប្រាកដនិយម។ បើមិនដូច្នេះទេ លោកអ្នកអាចនឹងមើលស្រាលស្ថានការណ៍ ហើយគិតថាខ្លួនឯងជាមនុស្សខ្លាំង លើសពីសមត្ថភាពជាក់ស្ដែងរបស់ខ្លួន។ នេះហើយគឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់ខ្លួនឯង។
៨. ខ្ញុំមានភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាទាំងនេះ
ភាពឈ្លាសវៃគឺជារឿងមួយផ្សេងទៀត ដែលមនុស្សខ្លាំងមិនដែលបោះបង់ចោលឡើយព្រោះវាគឺជាសិល្បៈនៃការធ្វើឱ្យបានសម្រេចគោលដៅ។
៩. ខ្ញុំមិនរំពឹងថាត្រូវដោះស្រាយបញ្ហាតែម្នាក់ឯងនោះទេ ខ្ញុំអាចស្វែងរកជំនួញបើខ្ញុំត្រូវការ
លោកអ្នកមិនមែនរស់នៅតែម្នាក់ឯងឡើយ។ សូមកុំទាញយកការទទួលខុសត្រូវធំពេកសម្រាប់ខ្លួនឯង។ សូមរំលែកការទទួលខុសត្រូវទាំងនោះ ដើម្បីឱ្យក្រុមការងាររបស់អ្នកបានចូលរួមក្នុងការដោះស្រាយបញ្ហាទាំងឡាយ។ នេះគឺជាវិធីមួយដ៏ល្អបំផុត។
១០. ខ្ញុំមើលឃើញថាផលលំបាកទាំងនោះគឺជាឱកាសដ៏ល្អ
វត្ថុវិស័យតែមួយអាចនឹងត្រូវបានមើលឃើញ និងបកស្រាយផ្សេងៗគ្នា ដោយសារតែប្រធានវិស័យរបស់មនុស្សផ្សេងៗគ្នាផងដែរ។ សម្រាប់មនុស្សទន់ខ្សោយ ពួកគេមើលឃើញផលលំបាកជារឿងដ៏គួរឱ្យស្អប់ខ្ពើម ហើយមិនអាចរៀនសូត្រអ្វីបានឡើយ ប៉ុន្តែសម្រាប់មនុស្សខ្លាំងវិញ ពួកគេមើលឃើញវាជាឱកាសដ៏ល្អ ដើម្បីរៀនសូត្រ និងរីកចម្រើន៕
Comments